
វាមើលទៅដូចជាកូនរបស់ខ្ញុំមានបញ្ហាអង្គែស្បែកក្បាលអ៊ីចឹង។ តើវាគឺជា “អាចម៍ក្របី” មែនដែរឬទេ?
តើមូលហេតុអ្វីទៅដែលបណ្តាលឱ្យកើត “អាចម៍ក្របី”?
ប្រសិនបើស្បែកក្បាលកូនរបស់អ្នកមានស្នាមប្រឡាក់ ហើយស្បែកស្ងួត ដែលមើលទៅដូចជាអង្គែ ឬស្បែកក្រាស់មានខ្លាញ់ពណ៌លឿង ឬពណ៌ត្នោត ឬជាបំណែកប្រេះៗ … វាប្រហែលគឺជា “អាចម៍ក្របី” នោះហើយ។
វេជ្ជបណ្ឌិតជំនាញបានហៅវាថា គឺជាជំងឺរលាកស្បែកក្បាលទារក ហើយវាជារឿងធម្មតា និងកើតឡើងជារឿយៗចំពោះទារកទើបនឹងកើត។
“អាចម៍ក្របី” មិនគួរឲ្យស្រឡាញ់ទេ ប៉ុន្តែវាហាក់បីដូចជាមិនបង្កគ្រោះថ្នាក់អ្វី ចំពោះកូនរបស់អ្នកឡើយ។ វាបង្ហាញខ្លួនជាញឹកញាប់បំផុតក្នុងរយៈពេលពីរបីខែដំបូងនៃជីវិតកូនរបស់អ្នក ហើយជារឿយៗ វាត្រូវបានសម្អាតដោយខ្លួនឯង ពេលកូនរបស់អ្នកមានអាយុប្រហែលជា ៦ ទៅ ១២ ខែ បើទោះបីជាកុមារមួយចំនួនមានបញ្ហានេះយូរជាងនេះក៏ដោយ។
អ្នកអាចកត់សម្គាល់ស្ថានភាពដូចគ្នានៅជុំវិញត្រចៀក ចិញ្ចើម ឬត្របកភ្នែកកូនរបស់អ្នក ឬសូម្បីតែនៅក្លៀក និងផ្នត់ផ្សេងទៀតនៃរាងកាយ។
តើអ្វីទៅដែលបណ្តាលឱ្យកើត “អាចម៍ក្របី”?
មូលហេតុជាក់លាក់មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែ ជាការពិត វាមិនមែនត្រូវបានបង្កឡើងដោយបញ្ហាខ្វះអនាម័យ ឬអាលែកហ្ស៊ីនោះទេ។
អ្នកជំនាញមួយចំនួនជឿថា អ័រម៉ូនដែលទារកទទួលបានពីម្តាយរបស់ពួកគេនៅចុងបញ្ចប់នៃការមានផ្ទៃពោះបានរំញោចខ្លាំងពេកទៅលើក្រពេញខ្លាញ់របស់ទារក ដែលជាហេតុនាំឲ្យកើតជា “អាចម៍ក្របី” បែបនេះ។
ការកកើតផ្សិត ត្រូវបានគេគិតថាមូលហេតុមួយផងដែរ ប៉ុន្តែ មិនមានការមូលមតិគ្នាលើមូលហេតុនេះទេ។
“អាចម៍ក្របី” មិនងាយឆ្លងនោះទេ ហើយវាប្រហែលជាមិនរំខានដល់ទារករបស់អ្នកទាល់តែសោះ តែបើស្ថិតក្នុងសភាពធ្ងន់ធ្ងរ វាអាចធ្វើឲ្យរមាស់៕